កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ជាអាទិភាពគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងប្រព័ន្ធអភិបាលកិច្ចជាតិ។
ក្នុងរយៈពេលជិត ២០ ឆ្នាំ
នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដោយគិតចាប់ពីចុងឆ្នាំ២០០៤ រហូតមកដល់ ឆ្នាំ២០២២, រាជ-រដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុមួយរឹងមាំស្របតាមស្តង់ដាអន្តរជាតិ
ដែលបានរួមចំណែកប្រែក្លាយកម្ពុជា ពីប្រទេសមានចំណូលកម្រិតទាប
ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប
និងពីប្រទេសធ្លាប់តែពឹងផ្អែកលើជំនួយបរទេសសម្រាប់ហិរញ្ញប្បទានការអភិវឌ្ឍ
ទៅជាប្រទេសមានលទ្ធភាពអាចកៀរគរ គ្រប់គ្រង និងវិភាជធនធាន
សម្រាប់បម្រើឱ្យគោលដៅអភិវឌ្ឍន៍របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ចីរភាព ឯករាជ្យ
និងអធិបតេយ្យ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមោះមុត
ភាពជាម្ចាស់លើជោគវាសនាប្រទេស និងស្មារតីទទួលខុសត្រូវពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ។
ចក្ខុវិស័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ដែលត្រូវបានកំណត់តាំងពីដំណាក់-កាលទី១
នៅតែរក្សាបានភាពត្រឹមត្រូវសម្រាប់ដំណាក់កាលទី៤ ពោលគឺ “ការកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដោយផ្លាស់ប្ដូរពីប្រព័ន្ធដែលផ្ដោតលើធាតុចូលនិងមានលក្ខណៈមជ្ឈការ
ទៅកាន់ប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ
ស្របតាមស្តង់ដានិងឧត្ដមានុវត្តន៍អន្តរជាតិ”។
ការសម្រេចបាននូវចក្ខុវិស័យនេះ
នឹងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាកាន់តែមានភាពរឹងមាំ និងឈានទៅសម្រេចបានលទ្ធផលចុងក្រោយទាំង ៣ រួមមាន
បូរណភាពនៃការគោរពវិន័យថវិកា, ប្រសិទ្ធភាពនៃថវិកា
(ទាំងក្នុងផ្នែកវិភាជន៍និងក្នុងផ្នែកប្រតិបត្តិការ), និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ “ភាពជឿទុកចិត្តនៃថវិកា”
ផ្ដល់អាទិភាពលើការងារពង្រឹងការប្រមូលនិងការគ្រប់គ្រងចំណូល, ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងការកែលម្អនីតិវិធីនៃការអនុវត្តថវិកា។
ស្របតាមគោលដៅនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនិងជំរុញ
ការអនុវត្តវិធានការជាច្រើន
ដែលនាំឱ្យកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ដូចជា៖ ការដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់និងកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ, ការបង្កើតគណនីទោលរតនាគារ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំណូល ចំណាយ
និងសាច់ប្រាក់, ការធ្វើទំនើបកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
ឆ្នាំ២០០៨, ការកែទម្រង់កិច្ចលទ្ធកម្មសាធារណៈ
និងការបង្កើតប្រព័ន្ធត្រួតពិនិត្យនិងសវនកម្ម។ ចំពោះដំណាក់-កាលទី២ “គណនេយ្យភាពហិរញ្ញវត្ថុ”, កម្មវិធីកែទម្រង់ផ្ដោតសំខាន់លើការរៀបចំ
ការកែលម្អ ការពង្រឹង
ការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែត្រឹមត្រូវ
ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា
ព្រមទាំងស្របតាមស្តង់ដាអន្តរជាតិ។ នៅក្នុងដំណាក់កាលនេះ,
រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលជាច្រើន ដូចជា៖
ការដាក់ឱ្យអនុវត្តប្រព័ន្ធធនាគារសម្រាប់ការបើកផ្ដល់ប្រាក់បៀវត្សមន្ត្រីរាជការ,
ការពង្រីកអង្គភាពសវនកម្ម, ការអភិវឌ្ឍសម្រេចបាននូវប្រព័ន្ធ FMIS និងការអនុវត្តគម្រោង FMIS។
ក្នុងដំណាក់កាលទី៣
“ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”, កម្មវិធីកែទម្រង់បាន
បោះជំហានដ៏សំខាន់មួយថ្មីទៀត
ពោលគឺការចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធថវិកាបច្ចុប្បន្ន ព្រមទាំងការចាប់ផ្ដើមពង្រឹង
និងពង្រីកការសាកល្បងប្រព័ន្ធថវិកាកម្មវិធី
ជាជំហានៗ ទៅក្នុងចំណោមក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។
ក្នុងដំណាក់កាលនេះ, រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្តគន្លឹះៗ
រួមមាន៖ “យុទ្ធសាស្ត្រ
នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥”, “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោម-ជាតិឆ្នាំ២០១៩-២០២៥”, “យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ
២០១៩-២០២៥”, “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥”, “យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣” និង “ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ
FMIS ២០២០-២០២៥” ដែលភ្ជាប់ជាមួយនឹងផែនការសកម្មភាពលម្អិត
ដើម្បីធានាថាគ្រប់អង្គភាពពាក់ព័ន្ធ
ទាំងអស់ចូលរួមអនុវត្តប្រកបដោយឆន្ទៈ, មនសិការ, និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ, ច្បាប់គន្លឹះៗមួយចំនួនត្រូវបានប្រកាសដាក់ឱ្យអនុវត្ត
ដើម្បីពង្រឹងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ក្នុងនោះរួមមាន៖
(១) ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, (២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, (៣) ច្បាប់ស្តីពីមូលបត្ររដ្ឋ, (៤) ច្បាប់ស្តីពីការរៀបចំ
និងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
និង (៥) ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។