ចក្ខុវិស័យ និងយុទ្ធសាស្ត្រ

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តដោយប្រមុខរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០៤ ដោយបានកំណត់ចក្ខុវិស័យច្បាស់លាស់ គឺ “ការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ”។ ឈរលើមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយក្ដីសង្ឃឹមក្នុងរយៈពេលប្រមាណជិត ២០ ឆ្នាំកន្លងមកនេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបង្កើតសមិទ្ធផលជាប្រវិត្តិសាស្ត្រជាច្រើនជូនរាជរដ្ឋាភិបាល ទាំងសមិទ្ធផលក្នុងការកែលម្អអភិបាលកិច្ចនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភាពនៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច។ ការកែទម្រង់នេះ គ្រប់ដណ្ដប់លើដំណាក់កាលសំខាន់ៗទាំងអស់នៃវដ្តថវិកាគឺ៖ ការរៀបចំថវិកា ការអនុម័តថវិកា ការអនុវត្តថវិកា និងការត្រួតពិនិត្យនិងវាយតម្លៃលទ្ធផល។ ផ្អែកតាមក្របខ័ណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជានឹងកសាងបាននូវប្រព័ន្ធហិរញ្ញវត្ថុសាធារណៈមួយរឹងមាំ ដែលឈានទៅសម្រេចបានលទ្ធផលចុងក្រោយនៃការគ្រប់គ្រងហិរញ្ញវត្ថុ (Fiscal Outcome) ទាំង ៣ នោះគឺ៖ (១) បូរណភាពនៃការគោរពវិន័យថវិកា, (២) ប្រសិទ្ធភាពថវិកា ទាំងផ្នែកវិភាជន៍ និងផ្នែកប្រតិបត្តិការ និង (៣) ស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្នុងគោលដៅសម្រេចបាននូវចក្ខុវិស័យ និងយុទ្ធសាស្ត្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាលបានបង្កើតរចនាសម្ព័ន្ធដឹកនាំ និងសម្របសម្រួលការរៀបចំ ការអនុវត្ត និងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដែលមាន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ជាសេនាធិការ បានបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងការឧទ្ទិសខ្លួនចំពោះការងារកែទម្រង់ឱ្យសម្រេចបានសមិទ្ធផលគន្លឹះៗជាច្រើន កន្លងមក។

បច្ចុប្បន្ន កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលចុងក្រោយរបស់ខ្លួនគឺ “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាដំណាក់កាលកែទម្រង់ស៊ីជម្រៅ ដោយសម្រួចទិស និងតម្រង់គោលដៅឆ្ពោះទៅរក “សមិទ្ធកម្ម ឬ លទ្ធផល” និងមានគោលដៅចម្បងក្នុងការកសាងផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាពសំដៅពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវលើសមិទ្ធកម្ម ឬលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាលទាំងមូល។ ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរលេខ០៩ សរ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សារាចរនេះ បានកំណត់ពីយន្តការស្ថាប័ន, នីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដានផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិធានការលើកទឹកចិត្ត និងវិធានការរឹតត្បិតសម្រាប់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ផ្អែកតាមបទពិសោធន៍នៃការរៀបចំ ការអនុវត្ត និង ការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក, គ.ហ.ស. បានពិនិត្យឡើងវិញលើក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្ម ដោយផ្អែកលើបទដ្ឋានគតិយុត្តដែលមានជាធរមាន និងគម្លាតនៃការអនុវត្តជាក់ស្ដែង សំដៅពង្រឹងការផ្សារភ្ជាប់គ្នាឱ្យបានរឹងមាំរវាងទិដ្ឋភាពហិរញ្ញវត្ថុ និងទិដ្ឋភាពសមិទ្ធកម្មដែលត្រូវសម្រេចឱ្យបានដោយអង្គភាព/ស្ថាប័នអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងន័យនេះ គ.ហ.ស. បានរៀបចំ (១) សារាចរលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, (២) ប្រកាសលេខ ៩៨៨ សហវ.ប្រក.អគហ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីគោលការណ៍ យន្តការ នីតិវិធី និង ការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, (៣) ប្រកាសលេខ ៩៨៧ សហវ.ប្រក.អគហ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីគោលការណ៍ យន្តការ នីតិវិធី និង ការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត និង (៤) គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងសមិទ្ធកម្ម នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ជាឯកសារមគ្គទេសក៍ ក្នុងកិច្ចដំណើរការនៃការរៀបចំ ការអនុវត្ត និង ការត្រួតពិនិត្យនិងវាយតម្លៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគោលដៅលើកកម្ពស់សមិទ្ធកម្មឆ្ពោះទៅរកប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាពខ្ពស់។