សាវតារ និងសមិទ្ធផល

កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០០៤, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះ ជាអាទិភាពគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឈានឆ្ពោះទៅពង្រឹងប្រព័ន្ធអភិបាលកិច្ចជាតិ។ ក្នុងរយៈពេលជិត ២០ ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយគិតចាប់ពីចុងឆ្នាំ២០០៤ រហូតមកដល់ ឆ្នាំ២០២២, រាជ-រដ្ឋាភិបាលកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការកសាងប្រព័ន្ធហិរញ្ញវត្ថុមួយរឹងមាំស្របតាមស្តង់ដាអន្តរជាតិ ដែលបានរួមចំណែកប្រែក្លាយកម្ពុជា ពីប្រទេសមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងពីប្រទេសធ្លាប់តែពឹងផ្អែកលើជំនួយបរទេសសម្រាប់ហិរញ្ញប្បទានការអភិវឌ្ឍ ទៅជាប្រទេសមានលទ្ធភាពអាចកៀរគរ គ្រប់គ្រង និងវិភាជធនធាន សម្រាប់បម្រើឱ្យគោលដៅអភិវឌ្ឍន៍របស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ចីរភាព ឯករាជ្យ និងអធិបតេយ្យ។ សមិទ្ធផលនេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយមោះមុត ភាពជាម្ចាស់លើជោគវាសនាប្រទេស និងស្មារតីទទួលខុសត្រូវពីសំណាក់គ្រប់តួអង្គពាក់ព័ន្ធ។

            ចក្ខុវិស័យនៃ​កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបាន​កំណត់​តាំងពីដំណាក់-កាលទី១ ​នៅតែរក្សាបានភាពត្រឹមត្រូវ​សម្រាប់ដំណាក់កាលទី៤ ពោលគឺ “ការកសាង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈនៅ​កម្ពុជា ដោយ​ផ្លាស់ប្ដូរ​ពីប្រព័ន្ធ​ដែល​ផ្ដោត​លើធាតុចូលនិង​មាន​លក្ខណៈ​មជ្ឈការ ទៅកាន់​​ប្រព័ន្ធ​ដែល​ផ្ដោតលើលទ្ធផល ឬសមិទ្ធកម្ម និង​មាន​លក្ខណៈ​វិមជ្ឈការ ស្រប​តាម​ស្តង់ដានិង​ឧត្ដមានុវត្តន៍អន្តរជាតិ”។

ការសម្រេចបាននូវចក្ខុវិស័យនេះ នឹង​ធ្វើឱ្យប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាកាន់​តែ​មានភាពរឹងមាំ និងឈានទៅសម្រេចបានលទ្ធផលចុងក្រោយទាំង ៣ រួមមាន បូរណភាពនៃការគោរពវិន័យថវិកា, ប្រសិទ្ធភាពនៃថវិកា (ទាំងក្នុងផ្នែកវិភាជន៍និងក្នុងផ្នែកប្រតិបត្តិការ), និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ “ភាពជឿទុកចិត្តនៃថវិកា” ផ្ដល់អាទិភាពលើការងារពង្រឹងការប្រមូលនិងការគ្រប់គ្រងចំណូល, ការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងការកែលម្អនីតិវិធីនៃការអនុវត្តថវិកា។ ស្របតាមគោលដៅនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនិងជំរុញ
ការអនុវត្តវិធានការជាច្រើន ដែលនាំឱ្យកម្ពុជា​សម្រេចបាន​សមិទ្ធផល​ជាច្រើន ដូចជា​​៖ ការ​ដោះស្រាយបាននូវបញ្ហាបំណុលសាច់ប្រាក់និងកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ, ការបង្កើតគណនីទោលរតនាគារ ដើម្បីងាយស្រួលក្នុង​​ការគ្រប់គ្រងចំណូល ចំណាយ និងសាច់ប្រាក់, ការធ្វើទំនើបកម្មច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០០៨, ការកែទម្រង់កិច្ចលទ្ធកម្មសាធារណៈ និងការបង្កើតប្រព័ន្ធត្រួតពិនិត្យនិងសវនកម្ម។ ចំពោះដំណាក់-កាលទី២ “គណនេយ្យភាពហិរញ្ញវត្ថុ”, កម្មវិធីកែទម្រង់ផ្ដោតសំខាន់លើការរៀបចំ ការកែលម្អ ការពង្រឹង
ការកត់ត្រា និងការធ្វើរបាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ ឱ្យបានកាន់តែត្រឹមត្រូវ ច្បាស់លាស់ សុក្រឹត និងទាន់ពេលវេលា ព្រមទាំងស្របតាម​ស្តង់ដាអន្តរជាតិ។ នៅក្នុង​ដំណាក់កាលនេះ, រាជរដ្ឋាភិបាល​សម្រេចបាន​សមិទ្ធផលជាច្រើន ដូចជា៖ ការដាក់ឱ្យអនុវត្ត​ប្រព័ន្ធធនាគារ​សម្រាប់​ការបើកផ្ដល់​ប្រាក់បៀវត្សមន្ត្រីរាជការ, ការពង្រីកអង្គភាព​សវនកម្ម, ការអភិវឌ្ឍ​សម្រេចបាន​នូវ​ប្រព័ន្ធ FMIS និង​ការ​អនុវត្ត​គម្រោង FMIS

ក្នុងដំណាក់កាលទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”, កម្មវិធីកែទម្រង់បាន
បោះ
ជំហានដ៏សំខាន់មួយថ្មីទៀត ពោលគឺការចាប់ផ្ដើមផ្លាស់ប្ដូរប្រព័ន្ធថវិកាបច្ចុប្បន្ន ព្រមទាំងការចាប់ផ្ដើមពង្រឹង និងពង្រីកការសាកល្បង​ប្រព័ន្ធថវិកាកម្មវិធី ជាជំហានៗ ទៅក្នុងចំណោមក្រសួង ស្ថាប័ន និង​រដ្ឋបាល​រាជធានី ខេត្ត​។ ក្នុងដំណាក់កាលនេះ, រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្រ្តគន្លឹះៗ រួមមាន៖ “យុទ្ធសាស្ត្រ
នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥”
, “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោម-​ជាតិឆ្នាំ២០១៩-២០២៥”, “យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥”, យុទ្ធសាស្ត្រនៃការ​កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥”, “យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣” និង “ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ២០២០-២០២៥ដែលភ្ជាប់ជាមួយនឹងផែនការសកម្មភាពលម្អិត ដើម្បីធានាថាគ្រប់អង្គភាពពាក់ព័ន្ធ
ទាំងអស់ចូលរួមអនុវត្តប្រកប​ដោយឆន្ទៈ, មនសិការ, និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ, ច្បាប់គន្លឹះ​ៗ​​មួយចំនួន​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​កម្ពុជា ក្នុង​នោះ​រួមមាន៖ (១) ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, (២) ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ, (៣) ច្បាប់ស្តីពីមូលបត្ររដ្ឋ, (៤) ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង (៥) ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។