អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហៅកាត់ថា “អ.គ.ហ.” ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៤ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២៤.អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ដើម្បីបំពេញតួនាទីជាសេនាធិការជូនគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។ អ.គ.ហ. មានភារកិច្ចសម្របសម្រួលការរៀបចំ និងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានតាមគោលដៅប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាទៅជាប្រព័ន្ធហិរញ្ញវត្ថុសាធារណៈស្របតាមស្តង់ដារ និងឧត្តមានុវត្តន៍អន្តរជាតិ ដែលមានលក្ខណៈវិមជ្ឈការ ផ្តោតលើធាតុចេញ និងសមិទ្ធកម្ម ។ ដើម្បីសម្រេចបានតាមគោលដៅ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានអនុវត្តអភិក្រមបោះជំហានតាមដំណាក់កាល គឺ បោះជំហានថ្មីទៅក្នុងដំណាក់កាលថ្មី ដោយរក្សាជំហានដែលសម្រេចបានកន្លងមក និងរៀបចំត្រៀមខ្លួនតម្រង់ឆ្ពោះទៅកាន់ជំហានខាងមុខ។ ពោលគឺត្រូវអនុវត្តកិច្ចការ ៣ ដំណាលគ្នា គឺ ថែរក្សានិងពង្រឹងបន្ថែមនូវសមិទ្ធផលដែលសម្រេចបានក្នុងដំណាក់កាលមុន, ស្ថាបនាសមិទ្ធកម្មដែលត្រូវសម្រេចឱ្យបានក្នុងដំណាក់កាលបច្ចុប្បន្ន និងរៀបចំត្រៀមខ្លួនកសាងសមិទ្ធផលថ្មីៗនៅដំណាក់កាលខាងមុខ។