គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(គ.ហ.ស.) ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤
(ឧបសម្ព័ន្ធទី១)។ តាមរយៈសេចក្តីសម្រេចលេខ២០
សសរ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,
គ.ហ.ស. មានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងទេសាភិបាលរងធនាគារជាតិនៃកម្ពុជា
ជាអនុ-ប្រធាន,
ព្រមទាំងថ្នាក់ដឹកនាំមួយរូប ពីគ្រប់ក្រសួង ស្ថាប័ន
ដែលចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាសមាជិក។ គ.ហ.ស. បំពេញភារកិច្ចដឹកនាំ រៀបចំ
សម្របសម្រួលការអនុវត្ត តាមដាន
និងត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល
ព្រមទាំងសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍។
យោងតាមសារាចររាជរដ្ឋាភិបាលលេខ០៩ សរ
ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត
ការត្រួតពិនិត្យតាមដាន
និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, គ.ហ.ស. មានកិច្ចប្រជុំប្រចាំត្រីមាសនិងប្រចាំឆ្នាំ
ដែលជាវេទិកាកម្រិតនយោបាយ
ក្នុងការត្រួតពិនិត្យតាមដានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
របស់ក្រសួង ស្ថាប័ននីមួយៗ។