ពេលនេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី៤៖ “គណនេយ្យភាពសមិទ្ធកម្ម”
ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន ដោយសម្រួចទិស និង តម្រង់គោលដៅ
ឆ្ពោះទៅរក “សមិទ្ធកម្ម ឬ លទ្ធផល”។ ក្នុងន័យនេះ, គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ពិតជាត្រូវការ នូវការគាំទ្រ
ក៏ដូចជាការចូលរួមកាន់តែសកម្មឡើងថែមទៀត ពីសំណាក់គ្រប់ដៃគូ
និង តួអង្គពាក់ព័ន្ធទាំងអស់, ជាពិសេស
ពីសំណាក់គ្រប់ក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ, ដើម្បីសម្រេចឱ្យបានជោគជ័យនូវផែនការសកម្មភាពទាំងឡាយ នៅក្នុង ដំណាក់កាលទី៤
នេះ ដែលខ្ញុំសូមអនុញ្ញាតគូសរំលេចនូវការងារជាអាទិភាពគន្លឹះមួយចំនួន ដូចខាងក្រោម៖
ទី១. ការរៀបចំជំរុញអនុវត្តនូវ
ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣
ដែលទើបត្រូវបានត្រូវបានអនុម័ត ដាក់ឱ្យប្រើជំនួស ច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
ឆ្នាំ២០០៨។
ទី២. ការរៀបចំជំរុញអនុវត្តនូវ
ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម និង ក្របខ័ណ្ឌថវិការយៈពេលមធ្យម។
ទី៣. ការពង្រឹង និង
ការជំរុញការអនុវត្តយុទ្ធសាស្ត្រកែទម្រង់សំខាន់ៗ ដែលត្រូវបានដាក់ចេញរួចហើយ
ដើម្បីបន្តផ្តល់ការគាំទ្រ និង មូលដ្ឋានគ្រឹះរឹងមាំ
ដល់ការអនុវត្តកម្មវិធីកែទម្រង់របស់យើងទៅមុខទៀត
ដែលរួមមានជាអាទិ៍៖ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា; យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ; យុទ្ធសាស្ត្រកៀរគរចំណូល; យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ; យុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ និង យុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធគណនេយ្យ។
ទី៤. ការផ្ដោតអាទិភាពលើ
“សមិទ្ធកម្ម” ជាមូលដ្ឋានគ្រឹះក្នុងការចរចា
និង អនុម័តថវិកាកម្មវិធី ប្រចាំឆ្នាំ។ និង
ទី៥. ការពង្រីកវិសាលភាព
និងការពង្រឹងប្រសិទ្ធភាព
នៃការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS), ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ។